អន្ដរជាតិ៖ កាលពីខែមេសាកន្លងទៅ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីគម្រោងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាប់លានដូសទៅកាន់ពិភពលោក ឲ្យបានមុនចុងខែមិថុនានេះ។ ក៏ប៉ុន្តែមកទល់ឥឡូវ ប្រទេសជាច្រើននៅលើពិភពលោកកំពុងរង់ចាំមើលនៅឡើយ ជាមួយការអត់ធ្មត់កាន់តែតិចទៅៗថា តើវ៉ាក់សាំងអាមេរិកទាំងនោះ នឹងទៅដល់កន្លែងណាខ្លះ ហើយនឹងត្រូវចែកចាយដោយរៀបណា។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅរសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មកទល់នឹងពេលនេះ ចម្លើយគឺសហរដ្ឋអាមេរិកទំនងជានឹងផ្តល់ វ៉ាក់សាំងមួយចំណែកធំ ទៅកាន់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX ដែលមានគោលដៅជួយផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសកំពុងអភិវឌ្ឍ និងមានចំណូលទាប ក៏ប៉ុន្តែមិនទាន់មានការកំណាត់ថា នឹងមានចំនួនប៉ុន្មានភាគរយ ឲ្យច្បាស់នៅឡើយទេ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន ក៏កំពុងតែពិចារណារក្សាទុកចំណែកខ្លះនៃវ៉ាក់សាំង សម្រាប់ឲ្យអាមេរិកផ្តល់ដោយផ្ទាល់ ទៅកាន់ប្រទេសនីមួយៗ តាមជម្រើសរបស់ខ្លួនផងដែរ។ កន្លងមក ប្រទេសជាច្រើនបានស្នើសុំជំនួយវ៉ាក់សាំងពីសហរដ្ឋអាមេរិក ប៉ុន្តែមានតែកាណាដា និងម៉ិចស៊ីកូ ដែលជាប្រទេសជិតខាងប៉ុណ្ណោះ ដែលមានបានវ៉ាក់សាំងគិតចូលគ្នាចំនួន ៤.៥លានដូស។ បើតាមការសន្យារបស់លោក ចូ បៃដិន វ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូស ដែលផលិតនៅសហរដ្ឋអាមេរិក នឹងត្រូវចែកចាយជាមួយអន្តរជាតិ។ បន្ថែមពីនេះ លោកក៏បានបញ្ជាក់ថា នឹងផ្តល់វ៉ាក់សាំងចំនួន ២០លានដូសទៀត ដែលជារបស់ក្រុមហ៊ុនអាមេរិក Pfizer, Moderna និង Johnson & Johnson ឲ្យទៅប្រទេសដទៃផងដែរក្នុងជំហានដំបូង៕

U.S. President Joe Biden delivers remarks on the state of the coronavirus disease (COVID-19) vaccinations from the State Dining Room at the White House in Washington, D.C., U.S., May 4, 2021. REUTERS/Jonathan Ernst