អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ (CCSA) បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន ២,២២៣០ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈអ្នកជំងឺចំនួន ៣៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,២០៩ករណីជាករណីឆ្លង ក្នុងចំណោមប្រជាជនទូទៅ និង២១ករណីផ្សេងទៀត ជាករណីនាំចូលដែលត្រូវបានរកឃើញនៅលើ អ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។ បើគិតចាប់តាំងពីជំងឺកូវីដ១៩ បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវ ករណីឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេស ១៦២,០២២ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៦៩នាក់ និងអ្នកជាសះស្បើយ ១១១,៧៣៥នាក់៕