ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយសារភ្លើងប្រចណ្ឌ បុរសម្នាក់បានទាញពូថៅកាប់ប្រពន្ធ ជាច្រើនកន្លែងសុះសាច់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឱ្យដឹងថា ករណីឃាតកម្មខាងលើ បង្កឡើងដោយជនសង្ស័យ (ជាប្ដី) ឈ្មោះ ឡូញ ធារ៉ា អាយុ៣៨ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ បានប្រើពូថៅ កាប់ទៅលើជនរងគ្រោះ (ជាប្រពន្ធ) ឈ្មោះ ស៊ុ ចាន់នី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវចំក្បាល ត្រូវដៃទាំងសង្ខាង និងដងខ្លួនជាច្រើនកន្លែង បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែង រួចគេចខ្លួនបាត់ស្រមោល។

គួរបញ្ជាក់ថា មូលហេតុដែលឈានដល់ករណីឃាតកម្មខាងលើ ត្រូវបានគេនិយាយតតគ្នាថា មកពីភ្លើងប្រច័ណ្ឌ។ បច្ចុប្បន្នសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើកោសលវិច្ច័យ រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ខណៈជនសង្ស័យសមត្ថកិច្ចបាន និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីនាំខ្លួនចាត់ការតាមច្បាប់៕