អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នារសៀលថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ង្វៀន សួនហ្វុក ប្រធានាធិបតីវៀតណាម បានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីស្នើសុំជំនួយជាវ៉ាក់សាំងបង្ការកូវីដ១៩ ខណៈវៀតណាមត្រូវបានគេមើលឃើញថា កំពុងប្រយុទ្ធ នឹងរលកថ្មី នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺនៅក្រោយការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីកាត់ឥណ្ឌា-អង់គ្លេស ជាលើកដំបូង។ ហើយលោកប្រធានាធិបតីក៏ចង់ឲ្យប្រទេសវៀតណាម និងសហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរច្ចេកទេសផលិតវ៉ាក់សាំងនេះផងដែរ។

ប្រភពព័ត៌មានបានបន្ដឲ្យដឹងថា ក្រៅពីការស្នើសុំជំនួយ ប្រធានាធិបតីវៀតណាមរូបនេះ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះការប្តេជ្ញាចិត្តក្នុងការផ្តល់ថវិកា ៤ពាន់លានដុល្លារ គាំទ្រដល់កម្មវិធីចែកចាយវ៉ាក់សាំងកូវីដ១៩ អន្តរជាតិ COVAX ផងដែរ ព្រោះកន្លងមកនេះវៀតណាម បានទទួលវ៉ាក់សាំងប្រមាណ ២.៥លានដូសរួចមកហើយ។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ្វុក សង្ឃឹមថា សហរដ្ឋអាមេរិកនឹងជួយគាំទ្រវៀតណាម ព្រមទាំងប្រទេសដទៃទៀត តាមរយៈការផ្តល់ជាវ៉ាក់សាំងបង្ការកូវីដ១៩៕