អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ (CCSA) បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន ៥,៤៨៥ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈអ្នកជំងឺចំនួន ១៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៣,៥៣២ករណីជាករណីឆ្លង ក្នុងចំណោមប្រជាជនទូទៅ និង ១,៩៥៣ករណីទៀតជាករណីឆ្លង ក្នុងពន្ធនាគារ។ បើគិតចាប់តាំងពីជំងឺកូវីដ១៩ បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវ ករណីឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេស ១៥៩,៧៩២ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៣១នាក់ និងអ្នកជាសះស្បើយ ១០៨,៣៤៥នាក់៕