អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ (CCSA) បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺកូវីដ១៩ថ្មីៗ ចំនួន ៤,៥២៨ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈអ្នកជំងឺចំនួន ២៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២,៦២៦ករណីជាករណីឆ្លង ក្នុងចំណោមប្រជាជនទូទៅ និង ១,៩០២ករណីទៀតជាករណីឆ្លង ក្នុងពន្ធនាគារ។ បើគិតចាប់តាំងពីជំងឺកូវីដ១៩ បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវ ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៥៤,៣០៧ករណី ក្នុងនោះមានអ្នកស្លាប់ ១,០១២នាក់ និងអ្នកជាសះស្បើយ ១០៥,២៤៤នាក់៕