អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះ យានអវកាសរបស់ចិន ដែលដឹកសម្ភារផ្គត់ផ្គង់ផ្សេងៗ បានទៅដល់កំណាត់បន្ទប់ស្ថានីយអវកាសចិន ដោយជោគជ័យ ក្រោយចាកចេញពីផែនដី កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។

ប្រភពព័ត៌មានបានឲ្យដឹងថា យានអវកាសដឹកទំនិញ Tianzhou-2 ដែលផ្ទុកនូវរបស់របរសំខាន់ៗដូចជា ស្បៀងអាហារ គ្រឿងបរិក្ខារ និងឥន្ធនៈ ត្រូវបានបាញ់ឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-7 Y3 កាលពីវេលាម៉ោង០៩យប់ថ្ងៃសៅរ៍ម្សិលមិញ ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Wenchang ក្នុងខេត្តដីកោះ Hainan ភាគខាងត្បូងប្រទេសចិន។ ហើយយាននេះ បានទៅដល់កំណាត់បន្ទប់ស្ថានីយអវកាសចិន នៅម៉ោងខ្ទង់០៥ទាបភ្លឺថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅ ចិនបានបាញ់បង្ហោះកំណាត់បន្ទប់ស្នូលឈ្មោះ Tianhe ឡើងទៅទីអវកាស ដើម្បីចាប់ផ្តើមដំណើការសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនឈ្មោះថា Tiangong។ វាត្រូវការបេសកកម្មសរុបប្រហែល១០ជើង ដើម្បីសម្រេចការផ្គុំនៅក្នុងគន្លងអវកាស ហើយត្រូវគេរំពឹងថា នឹងចេញជារូបរាងព្រមទាំងអាចធ្វើប្រតិបត្តិការ បានពេញលេញទាំងស្រុង នៅមុនចុងឆ្នាំ២០២២៕