អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីៗចំនួន ១៦៥,៥៥៣នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសមួយនេះ កើនឡើងដល់ជិត ២៨លាននាក់។

បន្ថែមពីនេះ ក្នុងរយៈពេលដូចគ្នា ឥណ្ឌាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៣,៤៦០នាក់ទៀត ក៏បានស្លាប់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣២៥,៩៧២នាក់ ខណៈអ្នកជាសះស្បើយសរុបកើនឡើងដល់ ២៥.៤លាននាក់។ តួលេខករណីឆ្លងប្រចាំខាងលើ គឺជាការបន្តថយចុះគួរឲ្យកត់សម្គាល់មួយ ខណៈកាលពីប៉ុន្មានសប្តាហ៍មុន វាបានលោតឡើងដល់ជាង ៤០០,០០០នាក់ឯណោះ៕