ខេត្តព្រះវិហារ៖ លោក វុធ សាវី ព្រះរាជអជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ លោកបានចុះសម្របសម្រួល ករណីចុះបង្រ្កាបការឈូសឆាយដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធចំនួន ៦៣៧៨ហិកតា ដឹកនាំដោយលោក អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ទីរអង្គភាព ពាក់ព័ន្ធផងដែរ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបករណី កាប់ទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុចទីតាំងខាងលើនេះ ក្រុមការងារបានសម្រេចឃាត់ខ្លួន ប្រជាពលរដ្ឋចំនួន ១៧នាក់ (ជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗ) ម៉ូតូ ៣គ្រឿង គោយន្តកន្ត្រៃយ៍ ១គ្រឿងផងដែរ។

គួរបញ្ជក់ថាចំពោះពលរដ្ឋទាំង១៧នាក់នេះ គឺបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យគាត់បញ្ឈប់សកម្មភាពកាប់ទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិតទៅទៀត និងអនុញ្ញាតពួកគាត់ត្រឡប់ទៅទៅវិញ។ ដោយឡែកការងារចំពោះមុខ ក្រុមការងារក៏កំពុងស្រាវជ្រាវ រកអ្នកនៅពីក្រោយខ្នង នៃការកាប់រានដីរដ្ឋនេះ យកមកផ្តន្ទាទោសទៅតាមច្បាប់៕