លោក Assimi Goita ត្រូវបានប្រកាសតែងតាំងធ្វើជាប្រធានាធិបតីបណ្ដោះអាសន្នក្នុងប្រទេសម៉ាលី។ នេះយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC News នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

តុលាការធម្មនុញ្ញនៃប្រទេសម៉ាលីបានប្រកាសតែងតាំងលោក Assimi Goita ដែលកាន់តំណែងឡើងធ្វើជាប្រធានាធិបតីម៉ាលីបណ្ដោះអាសន្នដើម្បីដឹកនាំដំណើរការអន្តរកាលរហូតដល់ទីបញ្ចប់ ពោលគឺ រហូតដល់មានការបោះឆ្នោតសកលមួយដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២២ បន្ទាប់ពីលោក Bah N’Daw លាលែងពីតំណែង។

គួរបញ្ជាក់ថា ប្រធានាធិបតីប្រទេសម៉ាលី លោក Bah N’Daw និងនាយករដ្ឋមន្រ្តី លោក Moctar Ouane ត្រូវបានយោធា ដោះលែងវិញហើយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ក្រោយការចាប់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

ការដោះលែងខាងលើនេះធ្វើឡើង បន្ទាប់ពីលោក Bah N’Daw និង លោក Moctar Ouane បានសម្រេចលាលែងពីតំណែងជាប្រធានាធិបតី និងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃពុធ គឺពីរថ្ងៃក្រោយអ្នកទាំងពីរត្រូវបានយោធាចាប់ខ្លួន។ ការចាប់ខ្លួនលោក N’Daw និង លោក Ouane បានប្រព្រឹត្តទៅ ក្រោយការរុះរើគណៈរដ្ឋមន្រ្តីមួយ ដែលបណ្តាលឲ្យមន្រ្តីយោធាពីររូបបាត់បង់តំណែង។