ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង បើកបរសុខៗស្រាប់តែដាច់កង់ក្រោយខ្ទាតរត់ទៅបុកត្រូវបុរសម្នាក់ ដែលកំពុងតែជិះម៉ូតូ បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅទល់មុខសាលារៀនពងទឹក ក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ បូ ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីបន្ទប់ជួលទៅកន្លែងធ្វើការ ដោយជិះម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1I-5087 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកូរ៉េមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-0346 ធ្វើដំណើរបញ្ច្រាសទិសគ្នា ទិដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ក៏ស្រាប់តែរថយន្តកូរ៉េបានដាច់កង់ខាងក្រោយចំហៀងខាងឆ្វេង បណ្ដាលឲ្យខ្ទាតរត់ទៅបុកត្រូវជនរងគ្រោះ ដែលកំពុងតែជិះម៉ូតូដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទាំងពីគ្រឿងយកទៅក្សាទុក​រងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សាកសពសមត្ថកិច្ចបានធ្វេីកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕