បាំងកក៖ អាជ្ញាធរថៃបដិសេធ និងច្រានចោលចំពោះការដាក់ឈ្មោះវីរុសបំប្លែងខ្លួនថ្មីមួយទៀតថា “វីរុសបំប្លែងខ្លួនថៃ ឬ Thai variant”។ នេះយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

សុខាភិបាលសាធារណៈអង់គ្លេស (PHE) ធ្វើបច្ចុប្បន្នភាពរបាយការណ៍កូរូណាមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា មានករណីវីរុសបំប្លែងខ្លួនថ្មីលេខកូដ C.36.3 ចំនួន១០៩ករណីរកឃើញនៅអង់គ្លេស។

ក្នុងរបាយការណ៍នោះបានឱ្យដឹងថា «វីរុសបំប្លែងខ្លួន C.36.3 ត្រូវបានរកឃើញដំបូងនៅប្រទេសថៃ នៅក្នុងករណីដែលអ្នកធ្វើដំណើរមកពីប្រទេសអេហ្ស៊ីប»។

យ៉ាងណា PHE មិនបានបង្ហាញឈ្មោះវីរុសបំប្លែងខ្លួនថ្មីនេះទេ ប៉ុន្តែសារព័ត៌មានចក្រភពអង់គ្លេសបានដាក់ឈ្មោះថា «វីរុសបំប្លែងខ្លួនថៃ ឬ Thai variant។

ភ្លាមៗនោះអាជ្ញាធរថៃបានជំទាស់ភ្លាមៗដោយលើកឡើងថា ប្រើឈ្មោះខុស។ ទីប្រឹក្សាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) លោកវេជ្ជបណ្ឌិត Udom Kachindhorn បាននិយាយថា វីរុសបំប្លែងខ្លួនថ្មីនេះរកមិនឃើញមានករណីឆ្លងណាមួយនៅក្នុងស្រុក ប្រទេសថៃឡើយ។

ទទឹមនឹងនេះអាជ្ញាធរថៃបានបន្តទៀតថា អាជ្ញាធរអង់គ្លេសគួរប្រាប់មន្ត្រីថៃ ដូច្នេះពួកគេអាចធ្វើការស៊ើបអង្កេត មុនពេលផ្សព្វផ្សាយព័ត៌មានបែបនេះ។ ចក្រភពអង់គ្លេសមិនបានផ្ញើសំណាកនៃវីរុសបំប្លែងខ្លួនថ្មីនេះមកអាជ្ញាធរថៃ ហើយវាគួរត្រូវបានផ្ទៀងផ្ទាល់ដោយមន្ទីរពិសោធច្រើនជាងមួយកន្លែង៕