ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានឧបត្ថម្ភថវិកាចំនួន៥លានរៀល ជូនកម្មការិនីរោងចក្រម្នាក់ ដែលទើបសម្រាកកូន ពេលខ្លួនកំពុងកើតជំងឺកូវីដ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននាំយកអំណោយថវិកាចំនួន៥លានរៀលរបស់ សម្ដេចតេជោ ជូនកម្មការិនីរោងចក្រម្នាក់ឈ្មោះ ព្រិច ផាន់ណា អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ SIX Plus នៅម្ដុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលកំពុងសម្រាកក្រោយសម្រាលកូនដោយសុវត្ថិភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ទទឹមនឹងនេះ បងស្រីបង្កើតរបស់ស្រ្តីដែលទើបសម្រាកកូន កំពុងកើតជំងឺកូវីដ១៩ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងលោកអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឧបត្ថម្ភថវិកាចំនួន៥លានរៀលជូនប្អូនស្រីរបស់គាត់ និង សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិលើលោក តាមជួយបីបាច់ថែរក្សាសម្តេចតេជោ ហ៊ុន សែន និងអភិបាលរាជធានីភ្នំពេញ បានជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនជានិច្ចនិរន្ទតទៅ។

គួរបញ្ជាក់ថា កម្មការិនីរោងចក្ររូបនេះ បានកើតជំងឺកូវីដ១៩ ហើយកំពុងសម្រាកនៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យសិរីមង្គល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ តែមិនមានពេទ្យណាហ៊ានទទួលនោះទេ ចុងក្រោយត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងសម្រាលបានដោយសុវត្ថិភាពទាំងម្ដាយ ទាំងកូន នៅទីនោះ៕