ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនបុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាលកូវីដ-១៩ ទៅកាន់ពន្ធនាគារព្រៃស តាមដីការបង្គាប់របស់ចៅក្រម បន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។

ការបញ្ចូនជនសង្ស័យទៅឃុំសខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រោយមានដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី។

គួរបញ្ជាក់ថា បុរសខាងលើ បានព្យាយាមរត់ចេញពីមណ្ឌលព្យាបាលជងឺកូវីដ១៩ បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ នៅចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្តិ ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗតែម្តង៕