នីហ្សេរីយ៉ា៖ អ្នកដំណើរជាង ១០០នាក់បាត់ខ្លួន ក្រោយហេតុការណ៍លិចទូមួយគ្រឿងនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន ចិនស៊ីនហួ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

តាមសម្តីអាជ្ញាធររបស់នីហ្សេរីយ៉ាបានឱ្យដឹងថា ទូកដឹកអ្នកដំណើរមួយគ្រឿង ផ្ទុកមនុស្សជាង ១៦០ នាក់ បានក្រឡាប់នៅក្នុងទន្លេនីហ្សេរីយ៉ា ខណៈកំពុងធ្វើដំណើរទៅ Kebbi ពីរដ្ឋជិតខាងរបស់ប្រទេសនីហ្សេរីយ៉ា។

ប្រភពដដែលបានបន្តទៀតថា អាជ្ញាធរមិនទាន់អាចកំណត់តួលេខពិតប្រាកដនៃការបាត់ខ្លួនចំនួនមនុស្សច្បាស់លាស់នៅឡើយទេក្នុងពេលនេះ ហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដើម្បីស្វែងរកអ្នកដំណើរដែលបាត់ខ្លួន។

រហូតមកដល់ពេលនេះ មានតែមនុស្ស ២២ នាក់នៅលើទូកប៉ុណ្ណោះ ដែលត្រូវបានជួយសង្គ្រោះ ដោយមានមនុស្សច្រើនជាង ១០០ នាក់កំពុងបាត់ខ្លួន។

ទទឹមនឹងនេះ អាជ្ញាធរបានបន្ថែមទៀតថា គ្រោះថ្នាក់ទូកនេះ មិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារតែការផ្ទុកលើសទម្ងន់ និងប្រតិបត្តិការខុស។

គួរបញ្ជាក់ថា ករណីនេះកើតឡើងប្រហែល ២ សប្តាហ៍បន្ទាប់ពីទូកមួយបានលិចនៅរដ្ឋនីហ្សេរីយ៉ា កាលពីថ្ងៃទី០៨ ឧសភា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់៕