រាជធានីភ្នំពេញ: នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យជប៉ុន បានសម្រាលកូនឲ្យអ្នកជំងឺកូវីដ-១៩ម្នាក់ទៀតហើយដោយជោគជ័យ។ អ្នកជំងឺកូវីដម្នាក់នេះ ជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានរកឃើញវិជ្ជមាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នោះ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។ ស្ត្រីរូបនេះមានឈ្មោះ ហ៊ូ អមរ៉ា អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមានស្វាមី ឈ្មោះលឿត ណារិទ្ធ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ការបញ្ជាក់ពីស្វាមីរបស់ស្ត្រីអ្នកជំងឺកូវីដ ដែលទទួលបានព័ត៌មានពីក្រុមគ្រូពេទ្យថា កូនស្រីរបស់ខ្លួនពេលដែលកើត ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ ហើយជាលទ្ធផលបង្ហាញថា អវិជ្ជមានជំងឺកូវីដ១៩ តែរង់ចាំការយកសំណាកធ្វើតេស្តបន្តចំនួន២លើកទៀត។
ប្តីស្រ្តីមានជំងឺកូវីដខាងលើ មានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជប៉ុន ដែលបានជួយសម្រាលកូនប្រពន្ធរបស់គាត់ ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន៕