ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសលោកឧត្តមសេនីយផ្កាយ២ ដាក់ពន្ធនាគារចំនួន ១៨ខែ ស្មើនិង១ឆ្នាំកន្លះ។ រីឯគូកន២នាក់ទៀត ត្រូវជាប់ពន្ធនាគារក្នុងម្នាក់១ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់៥លានរៀល ខណៈដែលមេធាវីជនជាប់ចោទ បានប្រកាសថានិងប្ដឹងជំទាស់ទៅឧទ្ទរណ៍។

ជនសង្ស័យទាំង៣នាក់ មានឈ្មោះ ទី១ អ៊ុក ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល មានឋានៈអនុប្រធានសេនាធិការនៃអគ្គស្នងការដ្ឋាននគរបានជាតិ ឋានន្តរស័ក្ដិឧត្តមសេនីយ៍ទោ។ ទី២ ឈ្មោះ ឡាយ ភារុណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះអ៊ុង ចាន់ធួក ទី៣ ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុក ចាន់ធួក។

សូមបញ្ជាក់ថា ក្រោយពេលធ្វើការសាកសួរតាមនីតិវិធី លោកព្រះរាជអាជ្ញារង ឡុង ជាប បានសម្រេចចោទប្រកាន់លោកផ្កាយ២និងគូកន តាមមាត្រា ៣ , ៤ និង១១ នៃច្បាប់កូវីដ១៩ដោយអនុវត្តនីតិវិធីបង្ហាញខ្លួនភ្លាម (មាត្រា៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ) ត្រូវបញ្ជូនទៅតុលាការជំនុំជម្រះ៕