អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation បានឲ្យដឹងថា នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ២,៤៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

សូមជម្រាបជូនថា ក្រោយការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ពីការរកឃើញនូវអ្នកស្លាប់ថ្មីៗចំនួន ៤១នាក់បន្ថែមទៀតផងដែរ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈអ្នកជំងឺចំនួន ២,៥៧១នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា គិតចាប់តាំងពីជំងឺកូវីដ១៩ បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបនៅទូទាំងប្រទេស ១៣៧,៨៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៨៧៣នាក់ និងអ្នកជាសះស្បើយ ៩១,៧៦៥នាក់៕