ខេត្តត្បូងឃ្មុំ៖ មន្ត្រីយោធាម្នាក់ត្រូវបានបុរសផ្ទុកជំងឺកូវីដ១៩ម្នាក់ធ្វើសកម្មភាពមនុស្សឃាតវាយបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមគួរឲ្យសង្វេគ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងប្រហែល ៥៖៣០នាទីល្ងាច ថ្ងៃទី២៥ឧសភា ២០២ភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

តាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបង្កឈ្មោះមឿន ម៉ឺន ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនមានវិជ្ជមានកូវីដ១៩ បានមកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក កាលពីថ្ងៃទី ១៣ ឧសភា ក្រោយពីបានធ្វើតេស្តរកឃើញមេរោគកូវីដហើយជននេះត្រូវបានគេស្គាល់ថាជាមនុស្សញៀនថ្នាំផងដែរ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យបានលួចរត់ចេញពីបន្ទប់ព្យបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ហើយជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះដែលជាមន្ត្រីសមត្ថកិច្ចកំពុងយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនោះ បណ្តាលឲ្យរងរបួសជាទម្ងន់រហូតដល់ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយធ្វើសកម្មភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ស្រុក និងកម្លាំងសឹករងស្រុក ចុះប្រតិបត្តិការ បង្ក្រាបនិងចាប់ឃាត់ខ្លួនបានជនដៃដល់នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ។ ជនដៃដល់ជាអ្នកជំងឺកូវីដ១៩ ត្រូវបានសមត្ថកិច្ចនាំដាក់ក្នុងបន្ទប់ឃុំសុវត្ថិភាពដើម្បីព្យបាលជំងឺបន្តនិងចាត់ការតាមនីតិវិធី៕