អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកទោសមួយចំនួននៅក្នុងប្រទេសថៃនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆំាងនឹងកូវីដ១៩។

សូមជម្រាបជូនថា គម្រោងដោះលែងអ្នកទោសឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នខាងលើ កើតមានឡើងនៅចំពេលករណីឆ្លងកូវីដ១៩ នៅក្នុងចំណោមអ្នកទោសនៅតាម ពន្ធនាគារបានកើនឡើងគួរឱ្យបារម្ភ។ បើតាមអាជ្ញាធរពន្ធនាគារ ថៃមានអ្នកទោសច្រើនជាង ៣១១,០០០នាក់ នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន ១៤៣ នៅទូទាំងប្រទេស។

រដ្ឋមន្ត្រីយុត្តិធម៌ថៃ លោក Somsak Thepsuthin បានថ្លែងនៅក្នុងបទសម្ភាស៍មួយថា «អ្នកទោសដែលនឹងត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមស្ដង់ដារ ជាមុនសិន។ យើងនឹងមិនបណ្ដោយឱ្យអ្នកជំងឺកូវីដ១៩ ចេញនោះទេ ហើយពួកគេនឹងត្រូវធ្វើតេស្ដនៅមុនពេលត្រូវដោះលែង។ រីឯការដោះលែងឱ្យ នៅក្រៅឃុំបណ្ដោះអាសន្នទៀតសោតនឹងត្រូវធ្វើឡើងដោយភាពត្រឹមត្រូវយុត្តិធម៌»៕