អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន ចិនស៊ីនហួរនៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា (Gaza) បានកើនដល់ ២៥៣នាក់ និងជាច្រើនពាន់នាក់ ទៀតរងរបួស។

តាមរបាយការណ៍ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សានៅថ្ងៃចន្ទដើមសប្ដាហ៍នេះបានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីន ២៥៣នាក់ ក្នុងនោះមាន ៦៦នាក់ជាកុមារ ៣៩នាក់ជាស្រ្តី និងមនុស្សចាស់១៧នាក់ ហើយ១៩៤៨នាក់រងរបួស ក្នុងនោះមាន ២០នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ។

សូមជម្រាបជូនថា អ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយកាលពីថ្ងៃសុក្រសប្ដាហ៍ បន្ទាប់ពីធ្វើសង្រ្គាមដាក់គ្នា អស់១១ថ្ងៃ។ បទឈប់បាញ់នេះត្រូវបានព្រមព្រៀងក្រោមការសម្របសម្រួលរបស់ប្រទេសអេហ្ស៊ីប៕