អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ កងកម្លាំងយោធានៃប្រទេសម៉ាលី បានចាប់ខ្លួនប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាហ្វ្រិកមួយនេះ បន្ទាប់ពីការរុះរើគណៈរដ្ឋមន្ត្រីមួយត្រូវបានធ្វើឡើង។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកប្រធានាធិបតី បាហ៍ ណាដរ (Bah Nadaw), លោកនាយករដ្ឋមន្ត្រី ម៉កថា អ៊ូវ៉ាន (Moctar Ouane) និងលោករដ្ឋមន្ត្រីការពារជាតិ សួឡៃម៉ាន ដូឃ្យួរ (Souleymane Doucoure) គឺត្រូវបានចាប់ខ្លួនទាំងអស់គ្នាតែម្តង យកទៅឃុំឃាំងជាបណ្តោះអាសន្ន នៅឯមូលដ្ឋានយោធាក្នុងតំបន់ កាទី (Kati) ស្ថិតនៅក្បែររដ្ឋធានី បាម៉ាកូ (Bamako)។

សូមជម្រាបជូនថា ការចាប់ខ្លួនមេដឹកនាំកំពូលៗ នៅក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលី បាននិងកំពុងឲ្យអនាគតនៃប្រទេសនេះ មានភាពស្រពិចស្រពិលឡើងវិញ ក្រោយពីរដ្ឋប្រហារបានកើតឡើងកាលពីខែសីហា ឆ្នាំ២០២០ ដែលបានទម្លាក់លោក អ៉ីប្រាហ៊ីម បួបាខារ គៃតា (Ibrahim Boubacar Keita) ចេញពីតំណែងប្រធានាធិបតី៕