ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រកាសស្វែងរកតាមចាប់ខ្លួន និងផ្តល់រង្វាន់ជូនអ្នករាយការណ៍ពីទីតាំងលាក់ខ្លួន របស់ជនដៃដល់ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់រត់គេចខ្លួន ក្រោយធ្វើសកម្មភាពចាក់អតីតភរិយាជាច្រើនកាំបិត។

យោងតាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះបានឱ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនសង្ស័យ ឈ្មោះ ស្រ៊ន ពេជ្ររស្មី សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬរាយការណ៍ទៅលេខទូរស័ព្ទរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ តាមរយៈលេខ 097 777 7776, 097 545 5555, 096 616 6666, 017 777 998, 068 762 222, 012 771 909។

ទទឹមនឹងនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានប្រកាសនឹងផ្តល់រង្វាន់ជូនអ្នករាយការណ៍ពីទីតាំងលាក់ខ្លួនជនរបស់ជនដៃដល់ផងដែរ។

គួរបញ្ជាក់ថា ករណីអំពើហិង្សាមួយបានកើតឡើង នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដែលមន្ត្រីកងរាជអាវុធហត្ថម្នាក់នៅស្រុកសណ្តាន់ បានយកកាំបិតចាក់អតីតភរិយាជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្រ្តីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជន។