ភ្នំពេញ៖ លោក ភិន ទិត្យ ដែលបានប្រកាសស្វែងរកកូនស្រីច្បងអាយុ១៧ឆ្នាំ ដែលបានបាត់ដំណឹងជិត១ខែ ក្រោយពីត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យព្រះកេតុមាលា ដោយសារតែរកឃើញវិជ្ជមានកូវីដ១៩នោះ បានរៀបរាប់ទាំងទឹកភ្នែក លោកបានទទួលដំណឹងពីគ្រូពេទ្យនាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កូនស្រីរបស់លោកបានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីគាត់បានបង្ហោះសារស្វែងរកកូនស្រីក្នុងហ្វេសប៊ុកបានមួយថ្ងៃ។

លោកភិន ទិត្យបានរៀបរាប់យ៉ាងដូចឆ្នេះថា «ថ្ងៃចុងក្រោយដែលខ្ញុំបានឃើញមុខកូន គឺថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ពេលនោះគឺកូនស្រីរបស់ខ្ញុំ រូបខ្ញុំ និងប្រពន្ធ ត្រូវបានឡានពេទ្យដឹកចេញពីមន្ទីរពេទ្យ ព្រះកេតុមាលា បន្ទាប់ពីរកឃើញថា កូនស្រីរបស់លោកបានឆ្លងជំងឺកូវីដ១៩ ពីអ្នកជំងឺម្នាក់ទៀត អំឡុងពេលសម្រាកព្យាបាលជំងឺនៅបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខាងលើ កាលពីយប់ថ្ងៃទី២៦ ខែមេសា។ ពេលទៅគឺទៅក្នុងឡានពេទ្យទាំងអស់គ្នា៣នាក់ម៉ែកូន និងឪ ពេលនោះកូនស្រីបានសួរថាយកកូនទៅណា ខ្ញុំបានត្រឹមប្រាប់គាត់ថា ប៉ាយកកូនទៅព្យាបាលនៅកន្លែងផ្សេង »។

លោក ភិន ទិត្យបានបន្ដឲ្យដឹងថា «កូនស្រីរបស់គាត់ត្រូវពេទ្យយកទៅព្យាបាល ចំណែកគាត់និងប្រពន្ធត្រូវទៅធ្វើចត្តាឡីស័ក។ ក្រោយពេលចេញពីកន្លែងធ្វើចត្តាឡីស័ក លោកនិងប្រពន្ធ ដោយដើររកកូនស្រីគ្រប់ពេទ្យនៅតែមិនឃើញ ទើបលោកពឹងឲ្យគេផុសក្នុងហ្វេសប៊ុកដើម្បីជួយរក ទើបនៅថ្ងៃទី២៣ ខែឧសភា មានពេទ្យខលប្រាប់គាត់ថាកូនស្រីរបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ហើយ»។ លោកក៏បានបន្ថែមថា «ខ្ញុំឆ្ងល់ថាបើកូនខ្ញុំស្លាប់ហេតុអ្វីពេទ្យមិនទាក់ទងមកខ្ញុំជាឪពុក។ រហូតដល់ថ្ងៃខ្ញុំនិងប្រពន្ធបញ្ចប់ការធ្វើចត្តាឡីស័កចេញក្រៅតាមរកកូន។ ពេទ្យប្រាប់ថា គេយកសពកូនស្រីគាត់ទៅបូជានៅពេទ្យរុស្សី តែឥឡូវខ្ញុំទាក់ទងដើម្បីយកធាតុអត់ទាន់បានទេ»៕