ខេត្តកំពត៖ អធិការនគរបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ មានករណីសង្ស័យពុលស្រាមួយទៀតហើយ នៅភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត បណ្ដាលឲ្យមនុស្សស្លាប់ជាបន្ដបន្ទាប់សរុប៩នាក់ គិតតាំងពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បន្ទាប់ពីពួកគាត់បានហូបជុំគ្នាដើម្បីកំដរបុណ្យសពនាពេលកន្លងទៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីពាក់ព័ន្ធជនរងគ្រោះប្រុសស្រីស្លាប់ដូចខាងលើ ចាប់តាំងពីថ្ងៃទី២១ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ មានចំនួន៩នាក់ គឺជនរងគ្រោះបានស្លាប់ នៅថ្ងៃទី២១ ចំនួន១នាក់ ហើយជនរងគ្រោះពាក់ព័ន្ធដែលហូបស្រា.ស បានស្លាប់ជាបន្តបន្ទាប់ ចំនួន៨នាក់ថែមទៀត។

បច្ចុប្បន្នជនរងគ្រោះ ដែលបានហូបស្រា.ស ហើយមានអាការៈមិនស្រួលខ្លួន ចំនួន៣៤នាក់ ក្នុងនោះស្រី៣នាក់ ត្រូវបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចដើម្បីព្យាបាល។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះខាងលើ សន្និដ្ឋានថា ពិតជាបានហូបស្រា.ស បណ្ដាលឲ្យពុលស្លាប់ ព្រោះជនរងគ្រោះដែលស្លាប់នៅថ្ងៃទី២១ កម្លាំងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានពិនិត្យសាកសពរួចហើយ មិនមានជំងឺកូវីដ១៩នោះទេ៕