អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ ថៃ The Nation នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ២,៧១៣នាក់ និងករណីស្លាប់ចំនួន ៣០នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

ប្រភពព័ត៌មានបានបន្ដឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២០៦នាក់ គឺជាទណ្ឌិតនៅតាមពន្ធនាគារ។ ក្រៅពីអ្នកឆ្លង និងស្លាប់ ក៏មានអ្នកជំងឺ ១,៥៦៥នាក់ ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការព្យាបាលជាសះស្បើយផងដែរ។

គួរបញ្ជាក់ថា គិតចាប់តាំងពីការឆ្លងរាតត្បាតរលកថ្មី បានផ្ទុះឡើងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីខែមេសាកន្លងទៅ ថៃមានអ្នកឆ្លងកូវីដ១៩ សរុបកើនដល់ ចំនួន ១៣២,២១៣ករណី ក្នុងនោះស្លាប់ ៨០៦នាក់ និងជាសះស្បើយ ៨៦,១០០នាក់៕