អន្ដរជាតិ៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីប៉ូលីសនៅសហរដ្ឋអាមេរិក ចាប់ខ្លួនមនុស្សជិត ១៥០នាក់ពីបទជួបជុំខុសច្បាប់ និងរំលោភបម្រាមគោរចរ តាមរយៈខ្សែវីដេអូអំពីការចូលរួមពិធីខួបកំណើតមួយ ដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គមដ៏ពេញនិយម TikTok បានបង្ហាញឱ្យឃើញថា មានមនុស្សរាប់រយនាក់បានទៅចូលរួមអបអរសាទរ នៅឯឆ្នេរខ្សាច់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន (ពេលវេលានៅសហរដ្ឋអាមេរិក) ដែលជំរុញឱ្យមន្រ្តីប៉ូលិសចាប់ខ្លួនមនុស្សទាំងនោះ។

អ្នកនាំពាក្យទីបញ្ជាការប៉ូលីស លោកស្រី Jennifer Carey បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មនុស្សដែលត្រូវបានចាប់ខ្លួន រួមមានមនុស្សពេញវ័យចំនួន ១២១នាក់ និងអនីតិជនចំនួន ២៨នាក់ដែលត្រូវបានគេកត់ឈ្មោះ ចូលទៅក្នុងបញ្ជីនៃបទបំផ្លិចបំផ្លាញ បទដុតកាំជ្រួចខុសច្បាប់ និងបទរំលោភបំរាមគោចរ។

គួរបញ្ជាក់ថា ការជួបជុំដ៏ធំមួយបានបង្ហាញឱ្យឃើញតាមរយៈខ្សែវីដេអូ ដែលត្រូវបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ដ៏ពេញនិយមពីអ្នកប្រើប្រាស់ឈ្មោះ adrian.lopez-517 ដែលបានអញ្ជើញមនុស្សគ្រប់ៗគ្នា ចូលរួមពិធីខួបកំណើតរបស់ខ្លួននៅឯឆ្នេរខ្សាច់ Huntington កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។ ខ្សែវីដេអូដែលបានបង្ហោះចែកចាយ ដោយភ្ជាប់ជាមួយ hashtag «AdriansKickBack» នោះ គឺទទួលបានការចូលមើលជាង ១៨០លានដងនៅលើបណ្ដាញសង្គម TikTok៕