អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CAN នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក មូហៃយ៉ីដឌីន យ៉ាស់ស៊ីន (Muhyiddin Yassin) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថាវិធានការបិទប្រទេសទាំងស្រុងដូចដែលបានដាក់ចេញ កាលពីឆ្នាំ២០២០ អាចធានាសុវត្ថិភាពប្រជាជនពីកូវីដ១៩ បានពិតមែន តែការធ្វើបែបនេះអាចនឹងធ្វើឱ្យសេដ្ឋកិច្ចដួលរលំ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ម៉ាឡេស៊ី RTM និង Bernama TV លោក មូហៃយ៉ីដឌីន បានថ្លែងថា «យើងអាចបិទអ្វីៗគ្រប់យ៉ាង ហើយអង្គុយយ៉ាងស្ងៀម។ បិទរោងចក្រ ហើយគ្រប់គ្នាត្រូវនៅក្នុង ផ្ទះ ជាការពិតណាស់វាអាចធានាសុវត្ថិភាពបាន ហើយក៏ងាយស្រួលសម្រាប់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការគ្រប់គ្រងផងដែរ…ក៏ប៉ុន្តែផលប៉ះពាល់ដល់សេដ្ឋកិច្ច គឺមានទំហំធំធេងណាស់ ដែលនេះជាហេតុផលមួយមិនអាចឱ្យយើងបិទសេដ្ឋកិច្ច»។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលបិទប្រទេសទាំងស្រុងកាលពីឆ្នាំ២០២០ សេដ្ឋកិច្ចម៉ាឡេស៊ីស្ទើរតែដួលរលំដោយត្រូវខាតបង់ដល់ទៅ ៥៧៩លានដុល្លារក្នុងមួយថ្ងៃ។ កាលពីដើមខែឧសភាកន្លងទៅនេះ នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានប្រកាសថាម៉ាឡេស៊ីនឹងត្រូវស្ថិតនៅក្រោមវិធានការបិទប្រទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី១២ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ប្រឈមមុខនឹងការកើនឡើងករណីឆ្លងសាជាថ្មី ដោយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីកាលបានរាយការណ៍ ពីការរកឃើញអ្នកឆ្លងដល់ទៅ ៦,៩៧៩នាក់ និងស្លាប់ថ្មី៤៩នាក់ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ៥១២,០៩១នាក់ ក្នុងនោះស្លាប់ ២,២៤៨នាក់៕

PUTRAJAYA, 6 April — Perdana Menteri Tan Sri Muhyiddin Yassin mengumumkan Pakej Prihatin Perusahaan Kecil dan Sederhana (PKS) (Tambahan) di Bangunan Perdana Putra hari ini.
PKS Tambahan bernilai RM10 bilion bagi membantu perusahaan kecil dan sederhana (PKS).
— fotoBERNAMA (2020) HAK CIPTA TERPELIHARA