(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ព្រឹកនេះ អាជ្ញាធរខេត្តកំពង់ធំប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ-19 ចំនួន០៤នាក់បន្ថែមទៀត ដែលស្ថិតនៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

យោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរខេត្តកំពង់ធំបានឱ្យដឹងថា មនុស្ស០៤នាក់ ត្រូវបានមន្ត្រីសុខាភិបាលខេត្តកំពង់ធំធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-19 ក្រោយពីពួកគេទាំងបួននាក់មានទំនាក់ទំនង ជាមួយនឹងឈ្មោះ ឌឹម សុឈឿន ដែលត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

ប្រភពដដែលបានឱ្យដឹងទៀតថាមនុស្សទាំង០៤នាក់នោះ ទី១ឈ្មោះ រស់ សៀង ភេទស្រី អាយុ ៥២ឆ្នាំ ទី២ឈ្មោះ សួន គីមហួយ ភេទស្រី អាយុ ២៩ឆ្នាំ ទី៣ឈ្មោះ សើរ គឹមឆេង ភេទស្រី អាយុ ១២ឆ្នាំ និងទី៤ឈ្មោះ ធី អាលីស្សា ភេទស្រី អាយុ ២ខែ។

គួរបញ្ជាក់ថា ពួកគេទាំង០៤នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-19 កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ។ បច្ចុប្បន្នមនុស្សទាំង០៤នាក់នេះ ត្រូវបានអាជ្ញាធរដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក៕