ខេត្តកំពង់ស្ពឺ៖ ឈើជ្រុងចំនួន ៧៧កំណាត់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់រកឃើញ ក្រោយជនល្មើសលាក់ទុកបម្រុងដឹកជញ្ជូនទៅក្រៅ។

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទើបនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក ចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញឈើជ្រុងប្រភេទចម្រុះមាន ឈ្លីច ម្រេញ ត្រសេក ចំនួន ៧៧កំណាត់ ស្មើ៥ម៉ែត្រគីប ៤០០ផ្លាន (គ្មានម្ចាស់) លាក់ទុក នៅចំនុចក្នុងព្រៃដីឡតិ៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុកឱរ៉ាល់ បានឱ្យដឹងថា ករណីបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ កម្លាំងយើង បានសហការជាមួយមន្ត្រី បរិស្ថានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងបានប្រគល់ជូនមន្ត្រីបរិស្ថានបានដឹកឈេីយកទៅស្នាក់ការភូមិក្រាំងពង្រ ឃុំសង្កែសាទប ដើម្បីរក្សាទុក និងចាត់ការបន្តតាមនីតិវិធី៕