ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីអ៊ីស្រាអែល និងចលនាហាម៉ាសប៉ាឡេស្ទីនគោរពពេញលេញលើបទឈប់បាញ់។ នេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC News នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ UN បានឱ្យដឹងថា ការទទឹមរង់ចាំអស់រយៈពេល ១២ថ្ងៃ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិអាចអនុម័តជាឯកច្ឆន្ទលើសេចក្តីថ្លែងការណ៍រួមមួយស្តីពីជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងចលនាហាម៉ាសប៉ាឡេស្ទីន។ បទឈប់បាញ់ដែលបានចូលជាធរមានតាំងពីថ្ងៃទី២១ ឧសភា ក្រោយពីមានការប្រឈមផ្លូវអាវុធតាំងពីថ្ងៃទី១០ ឧសភា។

ទទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីទាំងសងខាង អ៊ីស្រាអែល និងចលនាហាម៉ាសប៉ាឡេស្ទីន គោរពពេញលេញលើបទឈប់បាញ់ ដើម្បីបញ្ចប់សង្គ្រាមនេះ។

គួរបញ្ជាក់ថា ជម្លោះផ្លូវអាវុធរវាងអ៊ីស្រាអែល និងពួកហាម៉ាសប៉ាឡេស្ទីនតំបន់ហ្កាហ្សារយៈពេលជាង ១០ថ្ងៃបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ២៤៨នាក់នៅខាងប៉ាឡេស្ទីនដែលភាគច្រើនជាជនស៊ីវិល និងស្លាប់ ១២នាក់នៅខាងអ៊ីស្រាអែល៕