ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ១លានដូសត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ។

បើតាមអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់១លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់បានដឹកមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកមិញ។

ប្រភពដដែលបានឱ្យដឹងថា នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសនៅកម្ពុជាផង សរុបជាង ២.២លាននាក់ហើយ បានចាក់វ៉ាក់សាំងរួចរាល់។ កម្ពុជា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន ដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយវ៉ាក់សាំងដែលកម្ពុជាទទួលបានរួមមាន៖ សាំងស៊ីណូហ្វាមជំនួយរបស់ចិន ១.៧លានដូស, វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ ៣២៤,០០០ដូស និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ៤លានដូស៕