អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានថៃThe Nation បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន ៣,០៥២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៦០៥ករណី ត្រូវបានរកឃើញនៅក្នុងពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ ក្រសួងសុខាភិបាលថៃ ក៏បានរាយការណ៍ថា មានអ្នកជំងឺចំនួន២៤នាក់បានស្លាប់ផងដែរ ខណៈអ្នកជំងឺចំនួន ២,៩០០នាក់ ទើបតែជាសះស្បើយ និងបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីរពេទ្យ។

គិតមកត្រឹមពេលនេះ ប្រទេសថៃបានរកឃើញនូវករណីឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេសចំនួន ១២៦,១១៨ករណី ក្នុងនោះមានអ្នកស្លាប់ ៧៥៩នាក់ និងអ្នកជាសះស្បើយ ៨២,៤០៤នាក់៕