អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌាមានចំនួន ៤,១៩៤នាក់ដែលជាតួលេខខ្ពស់ជាងគេលើកលោក និងរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗសរុប ២៥៧,២៩៩នាក់។

ក្រោយការបូកសរុបទិន្នន័យ ធ្វើឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៦.៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៩៥,៥២៥នាក់ និងជាសះស្បើយឡើងវិញជាង ២៣លាននាក់ ខណៈអ្នកជំងឺជិត ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។

សូមបញ្ជាក់ថា ទោះបីជាចំនួនករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅឥណ្ឌា បានធ្លាក់ចុះមកក្រោម ៣សែនករណីក្នុងមួយថ្ងៃ អស់ជាងមួយសប្តាហ៍ទៅហើយក្តី ក៏អ្នកជំនាញអន្តរជាតិធ្លាប់បានព្រមានថា នេះមិនមែនបណ្តាលមកពីតួលេខជាក់ស្តែង មានការធ្លាក់ចុះនោះឡើយ តែអាចបណ្តាលមកពី ការធ្វើតេស្តរកជំងឺនៅតាមទីជនបទ ដែលត្រូវបានគេជឿជាក់ថា កំពុងមានការរាត្បាតកូវីដ១៩ នោះ មានការខ្វះខាត៕