អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CAN នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្ដេជ្ញាថាជួយកសាងតំបន់ ហ្គាហ្សា (Gaza) ឡើងវិញ ហើយលោកបៃដិនក៏បានលើកឡើងជាថ្មីផងដែរ អំពីដំណោះស្រាយរដ្ឋពីរ ( Two-state Solution)។

សូមបញ្ជាក់ថា ដំណោះស្រាយរដ្ឋពីរ (two-state solution) ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) តាំងតែពីសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា មកម្ល៉េះ។ ដំណោះស្រាយអន្តរជាតិដ៏ធំមួយនេះបានចែងថា រដ្ឋអង្កេតការណ៍ប៉ាឡេស្ទីន និងប្រទេសអ៊ីស្រាអែល ត្រូវចែករំលែកទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានី ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

លោក ចូ បៃដិន ថែមទាំងបានបញ្ជាក់អំពី «គោលជំហរឥតងាករេ» របស់សហរដ្ឋអាមេរិក នៅក្នុងការការពារសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល ហើយប្រធានាធិបតីអាមេរិករូបនេះ ក៏បានរំឮកថែមទៀតថា ប្រសិនបើប្រទេសទាំងអស់ក្នុងតំបន់ មិនទទួលស្គាល់វត្តមានរបស់អ៊ីស្រាអែល នោះសន្តិភាពនឹងមិនអាចកើតមានឡើយ៕