ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចគោលដៅបិទខ្ទប់រង្វង់មូលគួចកាណុង ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនមន្រ្ដីយោធាស័ក៣ម្នាក់បើករថយន្ដស៊េរីទំនើបម៉ាករ៉ូលរ៉យ មានដឹកជនជាតិចិនប្រុសស្រីចំនួន៣នាក់ យកទៅធ្វើការសាកសួរដោយសារគ្មានឯកសារធ្វើដំណើរត្រឹមត្រូវ។

ហេតុការណ៍ខាងលើបានកើតឡើងនៅត្រង់ចំណុចគោលដៅបិទខ្ទប់រង្វង់មូលគួចការណុងត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបររថយន្ដខាងលើជាមន្រ្ដីយោធាស័ក៣ ឈ្មោះ មឿង សាមន បើករថយន្ដរ៉ូលរ៉យពណ៌ខ្មៅ លាយប្រាក់ ពាក់ស្លាកលេខកម្ពុជា BRS.7377 មានដឹកជនជាតិបរទេសប្រុសស្រីសរុប៣នាក់ ជាជនជាតិចិន ធ្វើដំណើរចេញពី Sky Bar មួយកន្លែងក្នុងខណ្ឌចំការមន សំដៅទៅសណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ការធ្វើដំណើររបស់ពួកគេតាមរថយន្ដមួយនេះគឺគ្មានឯកសារដើម្បីបញ្ជាក់នោះទេ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន ទាំងមនុស្សនិងរថយន្ដ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី។

តាមការសាកសួរមន្រ្ដីយោធាស័ក៣ដែលបើករថយន្ដខាងលើបានឲ្យដឹងថា ខ្លួនធ្វើការឲ្យថៅកែជនជាតិចិនម្នាក់ ហើយថៅកែរូបនោះបានហៅគាត់ឲ្យដឹកជនជាតិទាំង៣នាក់នោះទៅសណ្ឋាគារសុខា ក៏ស្រាប់តែសមត្ថកិច្ចប្រចាំគោលដៅធ្វើការឃាត់ខ្លួនតែម្ដង៕