ប្រជាជនខ្មែរភាគច្រើនតែងតែប្រារព្ធធ្វើពីធីបុណ្យទៅតាមជំនឿសាសនា ទំនៀមទម្លាប់ប្រពៃណី និងដើម្បីរំលឹកគុណបុព្វបុរស។ ការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ត្រូវបានគេកំណត់យកតាមលំនាំឆ្នាំចន្ទគតិខ្លះ និងតាមឆ្នាំសុរិយគតិខ្លះ។ ឆ្នាំចន្ទគតិមានន័យថា គេរាប់ថ្ងៃ ខែ ឆ្នាំចន្ទគតិទៅតាមដំណើរព្រះចន្ទដែលវិលជុំវិញផែនដី ហើយក្នុងមួយឆ្នាំចន្ទគតិមាន ១២ ខែ និងមួយខែៗមានចំនួន ២៩ ថ្ងៃកន្លះ។

បុណ្យប្រពៃណីខ្មែរ ដែលគេកំណត់ការប្រារព្ធពិធីតាមលំនាំចន្ទគតិរួមមាន បុណ្យមាឃបូជា បុណ្យវិសាខបូជា ព្រះរាជពិធីច្រត់ព្រះនង្គ័ល បុណ្យចូលព្រះវស្សានិងចេញវស្សា បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែអកអំបុកជាដើម។ ដោយឡែកបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យប្រពៃណីជាតិដែលគេប្រារព្ធឡើងតាមប្រតិទិនសុរិយគតិ។ ចំណែកឆ្នាំសុរិយគតិមានន័យថា គេរាប់ថ្ងៃ ខែ ឆ្នាំសុរិយគតិទៅតាមដំណើរផែនដីវិលជុំវិញព្រះអាទិត្យ ហើយក្នុងមួយឆ្នាំមាន ១២ ខែដូចឆ្នាំចន្ទគតិ ដែរ ប៉ុន្តែក្នុងមួយខែមានចំនួនថ្ងៃខុសគ្នាពីឆ្នាំចន្ទគតិ។ មួយឆ្នាំសុរិយគតិមានចំនួន ៣៦៥ ថ្ងៃ និងប្រាំមួយម៉ោង។

ពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលគេកំណត់ការប្រារព្ធពិធីតាមលំនាំសុរិយគតិមានដូចជា បុណ្យឯករាជ្យ ទិវាជ័យជម្នះ៧មករា និងបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រជាដើម៕