(ប្រទេសជប៉ុន)៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការរដ្ឋាភិបាលជប៉ុនបានណែនាំឲ្យមានការអនុម័តយល់ព្រមលើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca ចំពេលដែលការរិះគន់កាន់តែច្រើនជុំវិញការយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការជូនប្រជាជន ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិកនៅសល់តែពីរខែទៀតប៉ុណ្ណោះ។

មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា គណៈកម្មាធិការគ្មានការជំទាស់ទេ ចំពោះការអនុម័តឲ្យប្រើប្រាស់នូវវ៉ាក់សាំងចំនួនពីរ ដែលត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រសប្តាហ៍នេះទេ។

មជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំពីរ ដែលប្រតិបត្តិការដោយយោធានៅទីក្រុងតូក្យូ និងអូសាកា នឹងបើកដំណើរការនាសប្តាហ៍ក្រោយ ហើយត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ Moderna សម្រាប់មនុស្សចាស់ក្នុងដំណាក់កាលដំបូង។

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នមានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ខណៈដែលមានប្រជាជនតិចជាង ២ភាគរយប៉ុណ្ណោះ នៃចំនួនប្រជាជនសរុបប្រមាណ ១២៥លាននាក់ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ៕