ព្រះសីហនុ៖ យោងតាមប្រភពព័ត៌មានពី ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះថាកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបសំបុកក្រុមចោរលួចម៉ូតូ និងទទួលផលចោរកម្ម ចាប់ខ្លួនបានមនុស្សចំនួន៤នាក់ និងដកហូតបានម៉ូតូ៦គ្រឿង នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីក្រុមនេះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចអូរទី៣ ភូមិ៥ សង្កាត់លេខ៤។

ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ មានទាំងជនដៃដល់ដែលលួចម៉ូតូ និងអ្នកចាំទទួលទិញម៉ូតូដែលលួចបាន ព្រមទាំងធ្វើការដកហូតបានម៉ូតូដែលជាផល នៃអំពើចោរកម្មចំនួន០៦គ្រឿង។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ សាន់ ថាន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីរដ្ឋាករទឹក មានទីលំនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ក្នុងនោះសម្ភារៈបាត់បង ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខរដ្ឋ-661-7059 មានលេខតួ និងលេខម៉ាស៊ីន5256933។

ដោយឡែក ជនសង្ស័យទាំង៤នាក់ដែលបង្ក្រាបបាននេះ ទី១៖ ឈ្មោះ តឹក លីវុទ្ធារិទ្ធ អាយុ២៨ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (ជនដៃដល់), ទី២៖ ឈ្មោះ ថោង សាវ៉ាត ហៅញ៉ក់ អាយុ២១ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់១ (ទំនប់រលក) ក្រុងព្រះសីហនុ (សហចារី), ទី៣៖ ឈ្មោះ ចែម ចាន់ថន អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ (អ្នកទទួលផលនៃអំពើចោរកម្ម) និងទី៤៖ ឈ្មោះ យ៉ា ចំរ៉ុង អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ (អ្នកទទួលផលនៃអំពើចោរកម្ម)។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតម៉ូតូដែលជាផល នៃអំពើចោរកម្ម ដកហូតបានសរុបចំនួន០៦គ្រឿងផងដែរ៕