ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ អ្នកជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សរុប៥២នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩។ លោក នុត សវនា ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សម្រាប់អ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញ មានចំនួន១៨នាក់។ ដោយឡែក នៅខេត្តព្រះសីហនុ រកឃើញកាលពីដើមខែឧសភានេះ ចំនួន៣៤នាក់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានរំលែកយកទៅដាក់អគារផ្សេងដាច់ដោយឡែក។

សម្រាប់អ្នកជាប់ឃុំដែលឆ្លងជំងឺកូវីដ១៩ នៅពន្ធនាគារខេត្តព្រះសីហនុ នឹងត្រូវធ្វើតេស្ដម្ដងទៀត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីបញ្ជាក់អំពីលទ្ធផលថា ពួកគាត់ជាសះស្បើយវិញហើយ ឬមិនទាន់ជាសះស្បើយ។

សម្រាប់ប្រភពចម្លងដំបូងនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅមិនទាន់លម្អិតឲ្យដឹងនៅឡើយទេ ប៉ុន្ដែតាមការស្រាវជ្រាវជំហ៊ានដំបូង អាចផ្ដើមចេញពីកម្មករសំណង់ដែលដឹកសម្ភារៈចូលពន្ធនាគារ ដើម្បីសាងសង់សំណង់ផ្សេងៗ។ ដោយឡែក សម្រាប់នៅខេត្តព្រះសីហនុវិញ សង្ស័យឆ្លងចេញពីជនជាតិតៃវ៉ាន់ ដែលជាប់ឃុំ ពេលកំពុងត្រៀមបញ្ជូនទៅប្រទេសដើមវិញ។
ពាក់ព័ន្ធករណីនេះ លោក យិន គន្ធ ប្រធានមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក៏បានផ្ញើលិខិតទៅកាន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញផងដែរ ដោយសុំផ្អាកដឹកជនជាប់ឃុំឡើងជំនុំជម្រះនៅសាលាឧទ្ធរណ៍ មួយរយៈសិន គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញអ្នកជាប់ឃុំ១៨នាក់ឆ្លងជំងឺកូវីដ១៩៕