រាជធានីវៀងច័ន្ទ : យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋាភិបាលឡាវបានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់ទូទាំងប្រទេសនាពេលបច្ចុប្បន្ន រហូតដល់ថ្ងៃទី០៤ ខែមិថុនា នៅចំពោះនៃការកើនឡើងករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យនាយករដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលឡាវនឹងពន្យារពេលការបិទខ្ទប់ប្រទេសរយៈពេល ១៥ថ្ងៃទៀត រហូតដល់ថ្ងៃទី៤ ខែមិថុនា ខណៈដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស មិនទាន់ត្រូវបានគ្រប់គ្រងពេញលេញនៅឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ឧសភានេះ ប្រទេសឡាវបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុប ១,៧៥១ករណី ក្នុងនោះបានជាសះស្បើយឡើងវិញចំនួន ៧៤០នាក់ និងស្លាប់ ២នាក់។ ឡាវបានបញ្ជាក់ពីការរកឃើញករណីដំបូងរបស់ខ្លួន កាលពីថ្ងៃ២៤ ខែមីនា ឆ្នាំកន្លងទៅ៕