ក្រុមហ៊ុន Seenu Gnanam Travels បានសហការជាមួយមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀមរាប រៀបចំពិធីបុណ្យរបាំ Bharatanatyam អន្តរជាតិ នៅទីលានជន់ដំរី នៃបរិវេណប្រាសាទអង្គរធំ នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ២០១៩នេះ ដោយមានការសម្តែងសិល្បៈរបាំរួម គ្នារវាងឥណ្ឌានិងកម្ពុជា ក្នុងគោលបំណងរឹតចំណងមិត្តភាពលើវិស័យវប្បធម៌នៃប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រយូរលង់មកហើយ ទាំងវប្បធម៌ និង សាសនាជាដើម ក្រោមអធិបតីភាព លោក មួន សុភាព ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ជាប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាទីប្រឹក្សាក្រសួង និង ជាសាស្ត្រាចារ្យផ្នែករបាំ នៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំប្រតិភូក្រសួងវប្បធម៌និងសិល្បៈឥណ្ឌា សិល្បករមកពីវិទ្យាស្ថានសិល្បៈ Bharatanatyam នៃប្រទេសឥណ្ឌា ព្រមទាំងសិល្បករ សិល្បការិនីជាតិ ចូលរួមផងដែរ ។

លោក មួន សុភាព មានប្រសាសន៍ថា ក្នុងនាមលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សូមសម្ដែងនូវមោទនភាព និង ក្តីរំភើប ចំពោះគោលបំណងនិងកិច្ចសហការដ៏ល្អនេះ គឺបានឆ្លុះបញ្ចាំងពីចំណងនៃការទំនាក់ទំនងមិត្តភាព និង ការទូតជាប្រវត្តិសាស្រ្ត តាំងពីសតវត្សរ៍ទី១ នៃគ្រឹះសករាជ នាសម័យហ្វូណន ហើយប្រទេសកម្ពុជាក៏បានទទួលឥទ្ធិពលពីឥណ្ឌា នូវសាសនាធំពីរ គឺសាសនាហិណ្ឌូ និង ព្រះពុទ្ធសាសនា ដែលមានជាអាទិ៍ ប្រាង្គប្រាសាទអង្គរវត្ត ជាភស្តុតាងស្រាប់ ហើយព្រះពុទ្ធសាសនាត្រូវបានប្រជាពុទ្ធបរិស័ទខ្មែរយើង គោរពប្រតិបត្តិបូជាតរៀង មកដល់សព្វថ្ងៃនេះ ។

លោក មួន សុភាព មានប្រសាសន៍ទៀតថា នេះជាកិច្ចសហប្រតិ​បត្តិការលើកទី១ រវាងមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀម​រាប ជាមួយសិល្បករមកពីវិទ្យាស្ថានសិល្បៈ Bharatanatyam នៃប្រទេសឥណ្ឌា ក្រោមការផ្តួចផ្តើមរបស់ក្រុមហ៊ុន Seenu Gnanam Travels ប្រចាំខេត្តសៀមរាប ដែលបានបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង ខណៈដែលពិធីបុណ្យរបាំ Bharatanatyam គឺ ដើមី្បគោរពឧទ្ទិសថ្វាយដល់ព្រះសិវៈ ដើមី្បនាំមកនូវភាពរុងរឿងមកដល់ប្រជាជនកម្ពុជា និង បណ្តាអ្នកគោរពព្រះសិវៈ នៅជុំវិញពិភពលោក ។

គួររំលឹកថា ពិធីបុណ្យរបាំ Bharatanatyam គឺមានអត្ថន័យផ្តោតលើការទំនាក់ទំនងជាប្រវត្តិសាស្ត្រ តាំងពីបរមបុរាណកាល រវាងអាណាចក្រខ្មែរនិងឥណ្ឌា ហើយពិធីបុណ្យរបាំ Bharatanatyam អន្តរជាតិនេះ តែប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅប្រាសាទ Chidambaram Natarajar និង សម្រាប់រយៈពេល១ពាន់ឆ្នាំចុងក្រោយនេះ ប្រាសាទ Natiya Anjali សម្រាប់ឧទ្ទិសដល់ព្រះសិវៈ ក្នុងតំបន់Chidambaram ក្នុងរដ្ឋ Tamil Nadu ហើយគោល​បំណងចង់រៀបចំកម្មវិធីនេះឲ្យស្រដៀងគ្នា នៅក្នុងតំបន់អង្គរ ដូចកាលដែលរៀបចំរៀងរាល់ឆ្នាំក្នុងតំបន់ Bharatanatyam ផងដែរ ។

ក្នុងពិធីបុណ្យនេះ ក៏មាននិសិ្សតផ្នែកសិល្បះរបាំ Bharatanatyam មកពីប្រទេសឥណ្ឌា និង បណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក មកទស្សកិច្ចនៅប្រាសាទអង្គរវត្តផងដែរ ៕