ខ្ទឹមស(ឈ្មោះជាពាក្យបច្ចេកទេស Allim sativum) គឺរុក្ខជាតិមួយប្រភេទដែល មនុស្សទទួលទានជាអាហារ។ ខ្ទឹមស មានអំបូរទាក់ទងនឹងខ្ទឹមបារាំង, shallot, និង leek ។ វាមានរសជាតិ និងខ្លិនឈួលខ្លាំង ដូចនេះហើយមនុស្សមិនបរិភោគវាក្នុងបរិមាណច្រើនទេ។
ដូច្នេះថ្ងៃនេះក្រុមការងារ TV Online សូមលើកយកអត្ថប្រយោជន៍ ៨ យ៉ាងនៃការបរិភោគ ខ្ទឹមស ដើម្បីរំលែកបងប្អូនទាំងអស់គ្នា៖

១. ខ្ទឹមស ជួយបំបាត់គ្រុនផ្តាសាយ
ខ្ទឹមស ត្រូវបានគេទទួលស្គាល់ថាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ការសិក្សាបង្ហាញថា ការបរិភោគខ្ទឹមស (២.៥៦ ក្រាម) រាល់ថ្ងៃអាចកាត់បន្ថយឱកាសនៃការកើតគ្រុនផ្តាសាយបាន ៦៣%។ មួយវិញទៀត បើអ្នកគ្រុនផ្តាសាយ ខ្ទឹមសក៏អាចជួយឲ្យអ្នកឆាប់ជាផងដែរ។

២. សមាសធាតុរបស់ខ្ទឹមសរ អាចកាត់បន្ថយសម្ពាធឈាម
ការសិក្សាមួយ បង្ហាញថា ការបរិភោគខ្ទឹមស ដែលចាស់ ប្រមាណ ០.៦ ទៅ ១.៦ ក្រាម មានសមត្ថភាពស្មើនឹងថ្នាំពេទ្យ ក្នុងការកាត់បន្ថយសម្ពាធឈាម បានក្នុងរយៈពេល ២៤ សប្តាហ៍។ សម្រាប់អ្នកចង់ឲ្យសម្ពាធឈាមធ្លាក់ចុះ អ្នកអាចបរិភោគខ្ទឹមសប្រមាណ ៤ កំពឹស ក្នុងមួយថ្ងៃ។

៣. ខ្ទឹមស អាចជួយដល់សុខភាពបេះដូង
ខ្ទឹមស មានសមត្ថភាពកាត់បន្ថយសារធាតុកូឡេសស្តូរ៉ល នៅក្នុងឈាម ប្រមាណពី ១០ ទៅ ១៥ ភាគរយ។ ការកាត់បន្ថយជាតិខ្លាញ់ និង ធ្វើឲ្យសម្ពាធឈាមដើរស្រួល គឺជាភ័ស្តុតាងបង្ហាញថា ខ្ទឹមស អាចជួយឲ្យបេះដូងមានសុខភាពប្រសើរឡើង ហើយ វាល្អសម្រាប់អ្នកមានជំងឺលើសឈាម។

៤. ខ្ទឹមស ជួយដល់ខួរក្បាល
ការសិក្សាបង្ហាញថា សមាសធាតុ Organo-sulfur ដែលមាននៅក្នុងខ្ទឹមស មានសមត្ថភាពក្នុងការកំចាត់កោសិកាម្យ៉ាង ដែលបង្កជាដុំសាច់ក្នុងខួរក្បាល។ មិនតែប៉ុណ្ណោះ ខ្ទឹមស សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារប្រឆាំងនឹងការបំផ្លាញកោសិកា និងភាពចាស់ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺខួរក្បាលមួយចំនួនដូចជា ជំងឺភ្លេចភ្លាំង (Alzheimer) និងជំងឺវង្វេងស្មារតី។

៥. ខ្ទឹមសអាចជួយដល់សុខភាពឆ្អឹង
ការសិក្សាមួយបង្ហាញថា មនុស្សស្រី ដែលបរិភោគខ្លឺមសប្រមាណ ២ ក្រាមក្នុងមួយថ្ងៃ អាចជួយបង្កើនការបង្កើតអរម៉ូន អឺស្រ្តូសែន ដែលអាចមានអត្ថប្រយោជន៍ចំពោះ សុខភាពឆ្អឹងរបស់ស្ត្រី។ ការសិក្សាផ្សេងទៀតក៏បង្ហាញដែរថា ខ្ទឹមស ការពារអ្នកពីជំងឺ រលាកសន្លាក់ ឬ ការបែកបាក់ឆ្អឹង។

៦. ខ្ទឹមស ល្អសម្រាប់សុខភាពពោះវៀន
សារធាតុខ្ទឹមសរ ដែលចាស់ អាចមានសារប្រយោជន៍ចំពោះពោះវៀន ដោយវាមានសមត្ថភាពបង្កើនការផលិត បាក់តេរីល្អនៅក្នុងពោះវៀន ដើម្បីជួយដល់ការរំលាយអាហារ ក៏ដូចជាប្រព័ន្ធភាពស៊ាំផង។

៧. ខ្ទឹមស ប្រឆាំងនឹងជំងឺមហារីក
ខ្ទឹមស និង ពពួកខ្ទឹម ត្រូវបានរកឃើញថា មានសមត្ថភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក ប៉ុន្មានប្រភេទដូចជា ក្រពះ បំពង់ក ក្រពេញប្រូស្តាត ពោះវៀនធំ។ ខ្ទឹមស ដែលស្រស់ ថែមទាំងអាចសម្លាប់កោសិកាមហារីក និង ការពារមិនឲ្យកោសិកាមហារីកកើត និង រីករាលដាលផងដែរ។

៨. ខ្ទឹមស ជួយបង្កើនសកម្មភាពរាងកាយ ពិសេស សម្រាប់អ្នកលេងកីឡា
កាលពីមុន ខ្ទឹមស ត្រូវបានប្រើប្រាស់ដើម្បីបំបាត់ភាពនឿយហត់ និង ធីងធោង ពិសេសគឺដើម្បីបង្កើតផលិតភាពដល់អ្នកធ្វើការប្រើកម្លាំងផងដែរ។ សម្រាប់អ្នកលេងកីឡា ខ្ទឹមស នឹងមានសមត្ថភាពក្នុងការបង្កើនសកម្មភាពរាងកាយ និង បន្ថយភាពអស់កម្លាំងនៅពេលហាត់ប្រាណផងដែរ។