ភ្នំពេញ៖ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មាន ជុំវិញករណីស្លាប់បណ្ដាលមកពីពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្ដាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានករណីស្លាប់ចំនួន១២នាក់បណ្ដាលមកពីពុលស្រា ត្រូវបានមន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាល ឃុំ មេឃុំ និងក្រុមកោសល្យវិច័យ នៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ។

នៅថ្ងៃដដែលនេះ ក្រុមការងារ បានបន្តការស្រាវជ្រាវដើម្បីស្វែងរកមូលហេតុដែលបណ្តាល ឱ្យមានបញ្ហាសុខភាព និងស្លាប់ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

លទ្ធផល នៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណីទាំងអស់ចាប់ផ្តើមឡើង ដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែកសន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែឧសភានេះ មានករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២ គឺភូមិតាស្គរភូមិក្តីកណ្ដាល ឃុំសារិកាកែ ស្រុកល្វាឯម

ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លាប់នៅភូមិទាំង២ខាងលើ បានកើតឡើងដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមកក៏មានករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។

ក្រសួងសុខាភិបាល សូមឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រា ដែលយកមេតាណុលមកលាយ (ហាមដាច់ខាត)។ បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬជំងឺសូមប្រញាប់ទៅកាន់ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត៕