អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៣,៨៧៤នាក់ ដែលជាតួលេខថយចុះបើធៀបនឹងថ្ងៃពុធ ហើយទន្ទឹមគ្នាក៏មានករណីឆ្លងថ្មីៗសរុប ២៧៦,១១០នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។

ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារកូវីដ១៩ នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌា នៅតែមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្តបិទខ្ទប់ និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។

ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងកូវីដ១៩ សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.៧៧លានករណី ក្នុងនោះមានអ្នកស្លាប់ ២៨៧,១២២នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺជាង ៣លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕