អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នឹងមានបទឈប់បាញ់មួយ នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងតំបន់ហ្គាហ្សានៅតែបន្តវាយប្រយុទ្ធគ្នាឈានចូលដល់ថ្ងៃទី១១ហើយនៅថ្ងៃព្រហស្បតិ៍នេះ។

ជុំវិញបទឈប់បាញ់នេះដែរ មន្ត្រីកិច្ចការនយោបាយរបស់ក្រុមហាម៉ាស់ លោក មូសសា អាប៊ូ ម៉ាហ្សូក (Moussa Abu Marzouk) បានថ្លែងបា្រប់ទូរទស្សន៍លីបង់ al-Mayadeen TV ដូច្នេះថា៖ «ខ្ញុំគិតថាកិច្ចខិតខំប្រឹងប្រែងលើបទឈប់បាញ់នឹងទទួលបានជោគជ័យ…ហើយខ្ញុំរំពឹងថាអាចនឹងមានបទឈប់បាញ់ មួយក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខនេះ ដោយឈរលើគោលការណ៍ឯកភាពគ្នាទៅវិញទៅមក»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានជំរុញឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ធូរបន្ថយជម្លោះឆ្ពោះទៅរកបទឈប់បាញ់ ហើយ ប្រភពពីក្រុមមន្ត្រីអេហ្ស៊ីបបានឱ្យដឹងដែរថាភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នាលើគោលការណ៍ទទួលយកបទឈប់បាញ់ តែមិនទាន់មានការបញ្ជាក់លម្អិតអ្វីនៅឡើយ នោះទេស្របពេលកិច្ចចរចានៅតែបន្តធ្វើឡើងជាសម្ងាត់។

គិតមកត្រឹមពេលនេះ ជនជាតិប៉ាឡេស្ទីន ២២៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី១០ ខែឧសភា រីឯខាងភាគីអ៉ីស្រាអែលមានមនុស្សស្លាប់១២នាក់ នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់៕