អន្ដរជាតិ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Hill កាលពីថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថាសហភាពអឺរ៉ុប (EU) បានត្រៀមខ្លួនជាស្រេចដើម្បីបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់អ្នកដំណើរដែលទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ។

អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបបានបញ្ជាក់ពីផែនការនេះទៅកាន់កាសែត Washington Post ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ សម្រាប់ការដកចេញវិញនូវការរឹតត្បិតលើការធ្វើដំណើរនោះទេ។ ក្រោមផែនការបើកព្រំដែនឡើងវិញនេះ បុគ្គលដែលទទួលចាក់ថ្នាំបង្ការពេញលេញនឹងអាចធ្វើដំណើរទៅ និងមកពីប្រទេសនានាក្នុងសហភាពអឺរ៉ុប។ ក្រុមមន្រ្តីបាននិយាយថា វ៉ាក់សាំងទាំងអស់ដែលត្រូវបានអនុម័តដោយមន្រ្តីសុខាភិបាលសហរដ្ឋអាមេរិក នឹងត្រូវបានគេចាត់ទុកថាអាចទទួលយក ប៉ុន្តែវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី និងចិននឹងមិនទទួលយកឡើយ។

សូមបញ្ជាក់ថា សហភាពអ៊ឺរ៉ុបបានបិទព្រំដែនរបស់ខ្លួន ចំពោះអ្នកធ្វើដំណើរខាងក្រៅកាលខែមីនា ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកំពុងចាប់ផ្តើមរីករាលដាលយ៉ាងឆាប់រហ័សជុំវិញពិភពលោក។ ខណៈកាលពីដើមខែនេះ អ៊ឺរ៉ុបបានប្រាប់ប្រទេសជាសមាជិកថា ពួកគេគួរតែចាប់ផ្តើមពិចារណាបើកព្រំដែនរបស់ខ្លួនជូនដល់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ៕