អាមេរិកបានបើកនាវាចម្បាំងមួយគ្រឿងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ធ្វើឱ្យចិនចាត់ទុកថាវត្តមាននាវាចម្បាំងអាមេរិក ជាការគំរាមសន្តិភាពតំបន់ និងជាការផ្ដល់សង្ឃឹមដល់ក្រុមគាំទ្រឯករាជ្យនៅតៃវ៉ាន់។

ច្រកសមុទ្រតៃវ៉ាន់កំពុងមានភាពតាងតឹងខ្លាំងក្រោយពីនាវាចម្បាំងអាមេរិកមួយគ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៨ ខែឧសភា ហើយចិនឯណោះ ចាត់ទុកវត្តមាននាវាចម្បាំងអាមេរិក ជាការគំរាមសន្តិភាពតំបន់ និងជាការផ្ដល់សង្ឃឹមដល់ក្រុមគាំទ្រឯករាជ្យនៅតៃវ៉ាន់។

អគ្គមេបញ្ជាការចិនមួយរូបបាននិយាយថា “សកម្មភាពរបស់អាមេរិក បានបញ្ជូនសញ្ញាអវិជ្ជមានទៅកងកម្លាំងឯករាជ្យរបស់កោះតៃវ៉ាន់ ដោយធ្វើ ឱ្យរំខានដល់ស្ថានការណ៍ក្នុងតំបន់ដោយចេតនា និងបង្កអន្តរាយដល់សន្តិភាព ស្ថិរភាពនៅទូទាំងច្រក សមុទ្រតៃវ៉ាន់”

គួរបញ្ជាក់តាមសហរដ្ឋអាមេរិកបានបញ្ជាក់ថា នាវាពិឃាតអាមេរិក យូអ៊ែសអ៊ែស ឃើធីស វីលប៊ឺ (USS Curtis Wilbur ឬ DDG 54) បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាប្រចាំ គឺ «ស្របតាមច្បាប់អន្តរជាតិ»៕