ភ្នំពេញ៖ មនុស្សប្រុសស្រីជាង៦០ ត្រូវបានកម្លាំងសមត្ថកិច្ចឃាតខ្លួន ក្រោយណាត់គ្នាជួបជុំផឹកស៊ី និងជួញដូរប្រើប្រាស់គ្រឿងញៀន។ ករណីចុះបង្រ្កាបនេះធ្វើឡើងស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបែង ក្នុងអាគារខុនដូរ ជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឆ្មក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាង៦០នាក់។

ប្រភពដដែលបានបន្តទៀតថា ក្រុមជនសង្ស័យប្រុសស្រីជាង៦០នាក់ខាងលើមានសុទ្ធសឹងតែជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កើតកម្មវិធីជួបជុំគ្នាផឹកស៊ី ។ ដោយល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ទើបកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបហើយរកឃើញមានការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនថែមទៀតផង ។

គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់ ៕