ខេត្តព្រៃវែង៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ អាជ្ញាធរខេត្តព្រៃវែង បានបង្ហាញទិន្នន័យមនុស្សចំនួនជាង ១០០នាក់ រួមទាំងម្ចាស់កង់បីឥណ្ឌាម្នាក់ទៀតដែលមិនទាន់ស្គាល់អត្តសញ្ញាណ ជាប់ពាក់ព័ន្ធនឹងស្ត្រីម្នាក់មានវិជ្ជមានកូវីដ-១៩។

តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មនុស្សជាង១០០នាក់ត្រូវបានអាជ្ញាធរខេត្តព្រៃវែង ដាក់អោយធ្វើចត្តាឡីស័កនៅក្នុងអនុវិទ្យាល័យព្រែកធំ​ ក្រោយរកឃើញថាជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយស្ត្រីម្នាក់ដែលរកឃើញមានផ្ទុកវិជ្ជមានកូវីដ-១៩ បន្ទាប់ពីនាងបានសម្រាលកូនរួចនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង។

តាមប្រភពពីគ្រូពេទ្យបានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ ឆេង សុចាន់ អាយុ២៦ឆ្នាំ ដែលប្រកបមុខរបរជាអ្នកបុកល្ហុងពងទា នៅម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ដោយជិតដល់ពេលត្រូវសំរាលកូន នៅថ្ងៃទី១៣ ខែមេសា នាងបានសម្រេចចិត្តត្រលប់មកពីភ្នំពេញទៅស្រុកកំណើតតាមរថយន្តតាក់ស៊ីទៅភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៌ ដែលជាភូមិកំណើតរបស់ខ្លួន រួចដល់ថ្ងៃទី២១ ខែមេសា នាងមានអាការៈឈឺពោះចង់សម្រាលកូន ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលសុខភាពអ្នកលឿង។ ពេលមកដល់គ្រូពេទ្យមណ្ឌលសុខភាពអ្នកលឿងមានការសង្ស័យក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង បន្ទាប់មកក្រុមគ្រូពេទ្យបានជួយសម្រាលកូនស្ត្រីខាងលើបានដោយជោគជ័យ។ ក្រោយមានការសង្ស័យទាំងពីរនាក់ ម្តាយ និងកូនមានអាការៈមិនស្រួល ក្រុមគ្រូពេទ្យបង្អែកអ្នកលឿងបានយកសំណាកស្ត្រីខាងលើទៅពិនិត្យ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។ ក្រោយមក កូនរបស់នាងបានស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ។ ក្រុមគ្រូពេទ្យកុមារជាតិ បានរៀបចំកន្លែងសម្រាក និងព្យាបាលស្ត្រីខាងលើនេះ។ ក្រោយមកក៏ទទួលបានសេចក្តីរាយការណ៍ពីក្រុមគ្រូពេទ្យបង្អែកអ្នកលឿងប្រាប់ឱ្យដឹងថា ស្រ្តីខាងលើមានវិជ្ជមានកូវីដ-១៩ ។ បន្ទាប់មកក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកុមារជាតិក៏បានរៀបចំបញ្ជូនស្ត្រីនោះទៅធ្វើចត្តាឡីស័ក តែមកដល់បន្ទប់នាងរត់ចេញពីមន្ទីរពេទ្យទៅហើយ។

តាមសេចក្តីរាយការណ៍ខាងលើបានបន្តែមទៀតថា ស្ត្រីខាងលើបានសំងំលាក់ខ្លួននៅផ្ទះរបស់នាង ក្នុងព្រែកធំ ឃុំអ្នកលឿងវិញ ក្រោយមកត្រូវបានកម្លាំងមូលដ្ឋានធ្វើការឃាត់ខ្លួន និងនាំយកមកដាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿងភ្លាមៗតែម្តង។

ស្រីខាងលើក៏បាននិយាយថា នៅពេលនាងចាកចេញពីមន្ទីរពេទ្យកុមារជាតិ នាងបានជិះម៉ូតូកង់បីឥណ្ឌា ជិះពីភ្នំពេញត្រឡប់មកផ្ទះរបស់នាងវិញនៅឯស្រុកពាមរក៌ ខេត្តព្រៃវែង ។ ហើយនៅពេលដែលដឹកនាងមកដល់ផ្ទះវិញ ម៉ូតូកង់បីឥណ្ឌានោះក៏ត្រឡប់ទៅភ្នំពេញវិញ។

ដូច្នេះអាជ្ញាធរក៏បានអំពាវនា ឱ្យម្ចាស់ម៉ូតូកង់បីនោះមកពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ ហើយត្រូវធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ និងកុំទៅទាក់ទង ឬពាក់ព័ន្ធជាមួយអ្នកដទៃអោយសោះ៕